Thai authorities free one more Khmer Krom refugee
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមម្នាក់ទៀតដែលអាជ្ញាធរប្រទេសថៃ បន្ត ដាក់គុកក្នុងប្រតិបត្តិការចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនានោះ បានត្រូវដោះលែងចេញពីទីឃុំឃាំងឈ្មោះ ប៉ាក្រិត នៃខែត្រនន្ធបូរី កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ក្រោមអន្តរាគមន៍ពីមេធាវីរបស់អគ្គស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន (UNHCR)។
លោក អ៊ិត ស៊ីថា មកពីភូមិខ្វែងបបែល ឃុំបូសស្បូវ ស្រុកពុធ្លេ ខែត្រពលលាវ ដែលបានភៀសខ្លួនចូលមកនៅប្រទេសថៃតាំងពីខែវិច្ឆិកា ឆ្នាំ២០០៤នោះ បានត្រូវបដិសេធដោយអង្គការ UNHCR មិនទទួលយកជាជនភៀសខ្លួនម្តងហើយកាលពីឆ្នាំ២០០៦។
លោកបានស្នើទាមទារជាថ្មីសុំបើកករណីលោកជាថ្មីឡើងវិញ ៖ «ខ្ញុំ បានបង្ហាញនូវប័ណ្ណរបស់ UN ដែលផ្ដល់មកឲ្យខ្ញុំហ្នឹង គឺប័ណ្ណនោះផ្ដល់នៅឆ្នាំ២០០៥-២០០៦ គឺវាផុតកំណត់យូរណាស់មកហើយ ប៉ុន្តែគេដោះលែងខ្ញុំហ្នឹងដោយសារតែប័ណ្ណខ្ញុំនេះ ខ្ញុំបានដាក់ពាក្យទៅសុំ UNHCR សុំបើក Case ឡើងវិញ ដោយសារខ្ញុំជាប្រជាជនខ្មែរកម្ពុជាក្រោមរងនូវការគាបសង្កត់ពី ប្រទេសវៀតណាម ហើយក៏ប្រទេសកម្ពុជាផងដែរ ហើយខ្ញុំមិនអាចវិលត្រឡប់ទៅស្រុកវិញបាន។ ខ្ញុំបញ្ជាក់ប្រាប់គេប៉ុណ្ណឹង ហើយខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរ ស្រាប់តែគេបញ្ជូនអ្នកដទៃទៀតទៅមន្ទីរឃុំឃាំងរបស់អន្តោប្រវេសន៍នៅ បាងកក ស្រាប់តែគេបន្សល់ទុកខ្ញុំមួយនៅមន្ទីរឃុំឃាំងរបស់ស្រុក... នេះដដែល»។
លោក អ៊ិត ស៊ីថា បានសម្តែងកង្វល់យ៉ាងខ្លាំងថា ខ្មែរក្រោមដែលជាប់ឃុំទាំង៧នាក់ដែលក្នុងនោះមានស្រ្តីបីនាក់ និងទារិកាអាយុ៤ឆ្នាំផងអាចនឹងត្រូវអាជ្ញាធរប្រទេសថៃបញ្ជូន ត្រឡប់ទាំងបង្ខំទៅកាន់ប្រទេសកម្ពុជាក្នុងពេលយ៉ាងឆាប់បំផុត ប្រសិនបើគ្មានអន្តរាគមន៍ដ៏មានប្រសិទ្ធភាពទេនោះ។
គួររំឭក ផងដែរថា កាលពីម្សិលមិញ លោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានទីស្នាក់ការនៅ សហរដ្ឋអាមេរិកបានចេញលិខិតសុំអន្តរាគមន៍អង្គការ UNHCR និងអំពាវនាវសុំអន្តរាគមន៍របស់អង្គការសិទ្ធិមនុស្សអាស៊ីដទៃទៀត ដើម្បីសុំពន្លឿនការដោះស្រាយដើម្បីឲ្យមានការដោះលែងខ្មែរកម្ពុជា ក្រោមដែលត្រូវបន្តឃុំឃាំងឬត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញដោយ បង្ខំនោះ។
លោកបានឲ្យដឹងនៅមុនការផ្សាយនេះបន្តិចថា លោកមានសង្ឃឹមថានឹងបានទទួលលទ្ធផលជាវិជ្ជមាន ៖ «សហព័ន្ធ ខ្មែរកម្ពុជាក្រោមក៏បានសហការជាមួយអង្គការជាច្រើន រួមមានអង្គការសិទ្ធិមនុស្សខ្មែរក្រោម អង្គការការពារសិទ្ធិមនុស្ស និងអង្គការសុំសិទ្ធិជ្រកកោនក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្វើការយ៉ាងមមាញឹក។ ហើយដំណឹងនេះក៏បានទៅដល់អង្គការ UNHCR នៅទីក្រុងបាងកក បានយកចិត្តទុកដាក់រឿងនេះ គេកំពុងតែខិតខំធ្វើកិច្ចការហ្នឹង ជាពិសេសក្នុងថ្ងៃហ្នឹងដែរ យើងខ្ញុំក៏បានជូនព័ត៌មានហ្នឹងដល់អង្គការ UNPO ដើម្បីឲ្យជួយធ្វើអន្តរាគមន៍នៅការិយាល័យរបស់អង្គការ UNHCR នៅទីក្រុងហ្សឺណែវផងដែរ»។
សូមជម្រាបបន្ថែមថា អង្គការ UNHCR គឺជាអង្គការតំណាងប្រជាជាតិជាង៧០ជនជាតិដែលគ្មានអាសនៈនៅអង្គការ សហប្រជាជាតិដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
សហព័ន្ធ ខ្មែរកម្ពុជាក្រោមគឺជាសមាជិកប្រតិបត្តិដ៏សកម្មមួយដែល បានជាប់ឆ្នោតក្នុងអាណត្តិលើកទី៣នៃគណៈកម្មាធិការប្រតិបត្តិរបស់ អង្គការ UNPO នេះ ក្នុងចំណោមសមាជិកសកម្ម១២ជនជាតិផ្សេងទៀត។
ទោះបីយ៉ាងណាក្តីយើងពុំអាចរកសេចក្តីបញ្ជាក់ពីមន្ត្រីអង្គការ UNHCR នៅទីក្រុងបាងកក ស្តីពីស្ថានភាពបច្ចុប្បន្ននៃជនភៀសខ្លួនខ្មែរក្រោមទាំង៧នាក់នោះ បានភ្លាមៗនៅឡើយទេ៕
អត្ថបទដកស្រងពីគេហទំព័រ វិទ្យុអាស៊ីសេរី




